អ្នក​ស្រុក​សំឡូត ហៅ​ឌុច​ថា ជា​វីរ​បុរស



ខេត្ត បាត់​ដំបង៖ ព្រះវិហារសាសនាគ្រិស្ត ក្នុងស្រុកសំឡូត ជាទីដែលឌុច បានដូរឈ្មោះ សម្ងំលាក់ខ្លួននៅទីនេះ កាលពី ១៥ ឆ្នាំមុន Anne Heindel
ព្រះ​វិហារ​សាសនាគ្រិស្ត ក្នុង​ស្រុក​សំឡូត ជា​ទី​ដែល​ឌុច បានដូរឈ្មោះ សម្ងំ​លាក់​ខ្លួន​នៅ​ទី​នេះ កាល​ពី ១៥ ឆ្នាំមុន។ រូបថត ANNE HEINDEL
នៅ​ខាង​ក្រៅ​ព្រះវិហារ​តូច​មួយ ក្នុង​ស្រុក​សំឡូត ហ្វូង​មនុស្ស​ប្រហែល​ ១០០ នាក់​ បាន​ប្រមូល​ផ្តុំ​គ្នា​កាល​ពី​ថ្ងៃ​អង្គារ ដើម្បី​ជជែក​អំពី​ការ​ប្រកាស​សាល​ក្រម​ប្រឆាំង​ពេជ្ឈ​ឃាត​ល្បី​ឈ្មោះ​ម្នាក់។
កាល​ពី ១៥​ ឆ្នាំ​មុន ទី​នេះ​ គឺ​ជា​កន្លែង​ដែល​ប្រធាន​គុក​ទួល​ស្លែង កាំង ហ្កេក​អ៊ាវ ដែល​ត្រូវ​សាលា​ក្តី​ខ្មែរ​ក្រហម​កាត់​ទោស​ដាក់​ពន្ធនាគារ ៣៥ ​ឆ្នាំ​នោះ បាន​សារ​ភាព​ពី​អំពើ​បាប​របស់​គាត់ ហើយ​បាន​ក្លាយ​ទៅ​ជា​អ្នក​កាន់​សាសនា​គ្រិស្ត​ម្នាក់​។
នៅ​ក្នុង​វេទិកា​សហគមន៍​ ដែល​រៀប​ចំ​ឡើង ​ដោយ​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​ លោក សាន ទីម៉ូ​ធី អតីត​គ្រូ​គង្វាល របស់​ឌុច បាន​ជំរុញ​ឲ្យ​ប្រជា​ជន​ ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​ទាំង​នោះ ទទួល​យក​សាល​ក្រម​របស់​សាលា​ក្តី​ខ្មែរ​ក្រហម ហើយ​អភ័យ​ទោស​ឲ្យ​ ឌុច រួច​បំភ្លេច​អតីត​កាល​ចោល។ ​ការ​ស្នើ​សុំ​នេះ គឺ​ជា​អ្វី​ដែល​ប្រជា​ជន​ភាគ​ច្រើន​ ដែល​រស់​នៅ​ក្នុង​អតីត​ជំរំ​របស់​ទាហាន​ខ្មែរ​ក្រហម​នេះ រីក​រាយ​នឹង​ធ្វើ​។

លោក ទីម៉ូធី បាន​ថ្លែង​ថា៖«​ព្រះ​បាន​នាំ​គាត់​ទៅ​រក​ផ្លូវ​ត្រូវ ឲ្យ​គាត់​បង្ហាញ​ខ្លួន​ក្នុង​តុលាការ​ ហើយ​សារ​ភាព​អ្វី​ៗ​គ្រប់​យ៉ាង​។ ​ព្រះ​តែង​តែ​លើក​លែង​ទោស​ឲ្យ​សត្វ​លោក​ សូម្បី​តែ​សត្វ​លោក​នោះ ​ជា​សត្រូវ​របស់​ទ្រង់​ក៏​ដោយ​។​ ទ្រង់​ គឺ​ជា​គំរូ នៃ​ការ​លើក​លែង​ទោស​»។

កាល​ពី​ឆ្នាំ​ ១៩៩៩ លោក Nic Dunlop អ្នក​ថត​រូប​ជន​ជាតិ​ អៀរឡង់​ម្នាក់ ​បាន​ប្រទះ​ឃើញ​ ឌុច ធ្វើ​ការ​ក្នុង​ស្រុក​សំឡូត​ឲ្យ​អង្គ​ការ​ជំនួយ​អាមេរិកាំង​មួយ ​ដោយ​ ឌុច​ ប្រើ​ឈ្មោះ​ក្លែង​ក្លាយ​ថា ហង្ស ពិន។ លោក​បាន​អះ​អាង​ថា ឌុច ក្លាយ​ជា​អ្នក​កាន់​សាសនា​គ្រិស្ត​ច្រើន​ឆ្នាំ​ មុន​ពេល​គាត់ ​បម្រី​ការ​ក្នុង​អង្គ​ការ​នេះ​ទៅ​ទៀត​។

ក្នុង​សវនាការ​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​កាល​ពី​ឆ្នាំ​មុន ឌុច បាន​សម្តែង​ «វិប្បដិសារី​យ៉ាង​ជ្រាល​ជ្រៅ» ចំពោះ​ទង្វើ​របស់​គាត់​នៅ​គុក​ទួល​ស្លែង​ ដែល​នៅ​ទី​នោះ​ គាត់​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ធ្វើ​ទារុណ​កម្ម​ និង​សម្លាប់​មនុស្ស​ ជាង ​១២ ០០០ នាក់។ បន្ទាប់​ពី​បាន​មើល​ការ​ប្រកាស​សាល​ក្រម​ ឌុច កាល​ពី​ថ្ងៃ​ទី ​២៦ ​ខែ​កក្កដា​ឆ្នាំ​ ២០១០ លោក សាង ហន ដែល​ជា​គ្រូ​គង្វាល​ម្នាក់​ដែរ​នោះ​ បាន​ប្រកាស​ថា​ ឌុច គឺ​ជា​វីរ​បុរស ដែល​ក្លាហាន​ហ៊ាន​សម្តែង​វិប្បដិសារី​ចំពោះ​ទង្វើ ដែល​គាត់​បាន​ប្រព្រឹត្ត​។ លោក​បាន​ថ្លែង​ទៀត​ថា​៖ «​គាត់​គឺជា​វីរ​បុរស​ម្នាក់ ដោយ​សារ​គាត់​បាន​ធ្វើ​អ្វី​ដែល​ត្រូវ​ធ្វើ​កាល​ពី​អតីត​កាល​ មិន​មែន​ឥឡូវ​នេះ​។ គាត់​បាន​សារភាព​ពី​អំពើ​បាប​របស់​គាត់ នៅ​ចំពោះ​មុខ​ព្រះ​ និង​មនុស្ស​ទាំង​អស់​»។

នៅ​សំឡូត ដែល​ជា​អតីត​មូលដ្ឋាន​នៃ​ពួក​ឧទ្ទាម​ខ្មែរ​ក្រហម និង​ជន​ភៀស​ខ្លួន ​នៃ​ពួក​មេ​ដឹក​នាំ​ខ្មែរ​ក្រហម ក្រោយ​ពី​ការ​ដួល​រលំ​នៃ​របប​នេះ​ កាល​ពី​ឆ្នាំ​១៩៧៩ គឺជា​កន្លែង​ប្រមូល​ផ្តុំ​របស់​ពួក​កុម្មុយនិស្ត​កម្ពុជា ដែល​ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់​លាស់​មួយ​។

ក្រោយ​ពី​ទទួល​បាន​ឯក​សារ​ប្រវត្តិ​សាស្រ្ត ដូច​ជា​សៀវ​ភៅ​ប្រវត្តិសាស្រ្ត ពី​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា និង​សៀវ​ភៅ​បោះ​ពុម្ព ស្តី​ពី​សាល​ក្រម​ឌុច​ ប្រជា​ជន​ជា​ច្រើន​ ដែល​បាន​ចូល​រួម​នោះ​ បាន​សម្តែង​នូវ​​អារម្មណ៌ បំភ្លេច​អំ​ពី​អតីត​កាល​របស់​ពួក​គេ​។

លោក ​ជួន ផេង​ មេ​ឃុំ​តា​សាញ់ បាន​ប្រាប់​វេទិកា​នោះ​ថា លោក​និង​អ្នក​ភូមិ​ដទៃ​ទៀត​ មិន​បាន​ដឹង​អំពី​មេ​ដឹក​នាំ​ខ្មែរ​ក្រហម ​ឬ​ការ​កើត​មាន​គុក​ទួល​ស្លែង​នោះ​ទេ​។ លោក​បាន​ថ្លែង​ទៀត​ថា​៖ «​យើង​បាន​ទទួល​បទ​ពិសោធ ពី​របប​នេះ​ ប៉ុន្តែ​យើង​មិន​បាន​ដឹង​អំពី​ប៉ុល​ពត​ទេ​...​យើង​គ្រាន់​តែ​ព្យាយាម​ធ្វើ ​ការ​ដើម្បី​រស់​។ [សាលា​ក្តី​ខ្មែរ​ក្រហម​]​ ពាក់​ព័ន្ធ​នឹង​នយោ​បាយ​»។

លោក ឆាំង យុ នាយក​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា មាន​ការ​សោក​ស្តាយ ​ចំពោះ​វប្បធម៌​បដិសេធ របស់​ប្រជា​ជន​ចាស់​ៗ មួយ​ចំនួន​ ក្នុង​សហគមន៍​ ក្នុង​ស្រុក​សំឡូត​ ទោះ​បី​ជា​លោក​បាន​ស្វាគមន៍​ការ​ចូល​រួម​របស់​ព្រះ​វិហារ​នោះ​ នៅ​ក្នុង​វេទិកា​នេះ​ក៏​ដោយ។ លោក​សង្ឃឹម​ថា ​វេទិកា​នេះ​ នឹង​ជួយ​សម្រួល​ឲ្យ​កាន់​តែ​មាន​ការ​ចូល​រួម​ ពី​សហគមន៍​បន្ថែម​ទៀត ​ជា​មួយ​នឹង​ប្រវត្តិ​សាស្រ្ត​នេះ​។

លោក​ឆាំង យុ ​បាន​ថ្លែង​ទៀត​ថា​៖ «​វីរ​បុរស មិន​មែន​ជា​អ្នក​ដែល​សម្លាប់​មនុស្ស​ស្លូត​ត្រង់ ជាង ​​១២០០០ នាក់​នោះ​ទេ ហើយ​ប្រសិន​បើ​អ្នក​ភូមិ​ កំណត់​ហៅ​ឌុច​ថា​ ជា​វីរបុរស​ នោះ​វា​ច្បាស់​ណាស់​ ដែល​ថា​ គ្រោះ​ថ្នាក់​នៃ​អំពើ​ប្រល័យ​ពូជ​សាសន៍ នឹង​ត្រឡប់​មក​វិញ​»។ លោក​បន្ត​ថា៖«ច្បាស់​ណាស់​អ្នក​អាច​ឃើញ​ថា ​អ្នក​មួយ​ចំនួន​នៃ​ពួក​គេ​ គឺ​នៅ​ទី​នេះ ជា​មួយ​ខ្មែរ​ក្រហម​ អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ​ ហើយ​ពួក​គេ បាន​បដិសេធ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​»។

លោក​បាន​ថ្លែង​បន្ត​ទៀត​ថា​៖ «អវត្ត​មាន​របស់​អ្នក​ស្រី ហាង គឹម​ហុង បង​ប្អូន​ស្រី​របស់​ឌុច​ និង​ណុប ប៊ុន​ឡុង​ ដែល​ជា​បង​ប្អូន​ថ្លៃ​ប្រុស​របស់​ឌុច​ ដែល​មិន​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​នោះ​ គឺ​ជា​រឿង​គួរ​ឲ្យ​សោក​ស្តាយ​ផង​ដែរ​។ ​លោក​បាន​ចង្អុល​បង្ហាញ​ថា​ ពួក​គេ​ទាំង​ពីរ​នាក់ មាន​សេចក្តី​មិន​ទុក​ចិត្ត ទៅ​លើ​សាលា​ក្តី​ ក្រោយ​ពី​មាន​ការ​ចាប់​ខ្លួន​ឌុច​កាល​ពី​ឆ្នាំ​ ១៩៩៩។ លោក​ឆាំង យុ បាន​បន្ត​ទៀត​ថា​៖«​វា​ទំនង​ជា​ថា អ្នក​ស្រី​មាន​សំណួរ​នេះ​នៅ​ក្នុង​ចិត្ត​របស់​អ្នក​ស្រី តើ​វា​នឹង​ជា​យ៉ាង​ដូចម្តេច​ប្រសិន​បើ​ឌុច ​មិន​ត្រូវ​បាន​រក​ឃើញ​និង​ចាប់​ខ្លួន​?​

Comments

Popular posts from this blog

ទំនងណាស់…ជួយស៊ែរចែកគ្នាដឹងពីវិធីធ្វើបង្អែមបបរត្នោតខ្មែរយើងផង

ក្ដៅៗពីខេត្តបាត់ដំបង​ លោកវរៈសេនីយ៍ឯក​ សន​ និល​ អធិការ​ នគរបាលស្រុករតនៈមណ្ឌល​ បានយល់ព្រមក្អួតលុយដែលចាប់ជំរឹតពីប្រជាកសិករក្រីក្រ​ ជូនទៅប្រជាកសិកររងគ្រោះវិញហើយ​