៧ខែឆ្នាំ២០១៨៖ ករណីជំងឺគ្រុនឈាមកើនឡើងជាង៣ ពាន់ករណី ធៀបនឹងឆ្នាំ២០១៧
ករណីជំងឺគ្រុនឈាម បានហក់ឡើងជាថ្មីក្នុងឆ្នាំ២០១៨នេះ ខណៈ មានមនុស្សចំនួន ១៣ ក្នុងចំណោម៧ ពាន់នាក់ដែលកើតជំងឺគ្រុនឈាម បានបាត់បង់ជីវិត គិតត្រឹមរយៈពេល៧ ខែ ឆ្នាំ២០១៨។ ជាការឆ្លើយតប ក្រសួងសុខាភិបាល អះអាងថា បើទោះបីជា មានការកើនឡើងនៃករណីជំងឺគ្រុនឈាម តែអាជ្ញាធរអាចគ្រប់គ្រងសភាពការណ៍បាន តាមរយៈការដាក់ចេញវិធានការជាបន្តបន្ទាប់។បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល រយៈពេល ២៦ សប្តាហ៍ ឆ្នាំ២០១៨ មានជំងឺគ្រុនឈាម កើតឡើងចំនួន ៥២៨៤ ករណី ពោលគឺកើនឡើងចំនួន ៣៧០៤ ករណីស្មើនឹង ៧៧ ភាគរយ បើធៀបនឹងឆ្នាំមុន ដែលមានត្រឹមតែ ១៥៨០ ករណី។ បើតាមរបាយការណ៍ដដែល ក្នុងចំណោមមនុស្ស៧ ពាន់នាក់ដែលកើតជំងឺគ្រុនឈាម មានមនុស្សចំនួន ១៣ ដែលភាគច្រើនជាកុមារ បានស្លាប់ ក្នុងរយៈពេល ៧ ខែឆ្នាំ២០១៨នេះ។លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ នៃក្រសួងសុខាភិបាល បញ្ជាក់ថា ករណីស្លាប់ភាគច្រើន កើតឡើងដោយសារអាណាព្យាបាលយឺតយ៉ាវបញ្ជូនកូនមកមន្ទីរពេទ្យដើម្បីទទួលការព្យាបាល។ យ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល អះអាងថា បើទោះបីជាមានការកើនឡើងនៃករណីជំងឺគ្រុនឈាមក៏ដោយ តែអាជ្ញាធរនៅអាចគ្រប់គ្រងសភាពការណ៍បាន។ក្រសួងសុខាភិបាល បានត្រៀមសេរ៉ូមប្រមាណ ៥ម៉ឺនប្លោក ថ្នាំអាបែត ចំនួន ៣៥០តោន និង ថ្នាំបាញ់សម្លាប់មូសជាង ៦ពាន់លីត្រ ។ សេរ៉ូមនិងថ្នាំទាំងនេះ ត្រូវបានបែងចែកតាមមន្ទីរ រាជធានី-ខេត្ត ដើម្បីទប់ស្កាត់ និងបង្ការជំងឺគ្រុនឈាមនៅឆ្នាំ២០១៨នេះ ។ក្រៅតែពីការដាក់ចេញវិធានការណ៍ជាបន្តបន្ទាប់ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល កាលពីសប្តាហ៍មុន ក្នុងឱកាសចុះចែកថ្នាំពេទ្យឱ្យប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ដែលរងគ្រោះដោយទឹកជំនន់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្ន ដើម្បីបង្ការពីជំងឺឆ្លងផ្សេងៗ ក្រោយទឹកស្រក ក្នុងនោះរួមមាន៖ សម្អាតបរិស្ថានជុំវិញផ្ទះឲ្យបានស្អាត និងដេកនៅក្នុងមុងដើម្បីជៀសវាងការឆ្លងជំងឺគ្រុនឈាម។ មិនត្រឹមតែប៉ុណ្ណោះ លោករដ្ឋមន្រ្តី ក៏ទទូចឱ្យប្រជាពលរដ្ឋ ទាក់ទង ឬមកមណ្ឌលសុខភាពដែលនៅជិតបំផុត បើសង្ស័យមានជំងឺគ្រុនឈាម។ជំងឺគ្រុនឈាមធ្លាប់រាតត្បាតខ្លាំងចុងក្រោយនៅឆ្នាំ២០១២ ហើយជាទូទៅ នៅអំឡុងពេលរាតត្បាតខ្លាំង គឺនៅរៀងរាល់ ៥ ទៅ ៦ឆ្នាំម្ដង។ ដូច្នេះ មានន័យថា ឆ្នាំ២០១៨នេះ គឺជាឆ្នាំដែលត្រូវដល់វដ្ដនៃការរាតត្បាតធំម្ដងទៀត៕
Comments
Post a Comment